ព្រះត្រៃបិដក ភាគ ១៥
ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះហើយ រមែងទទួលនូវអធិចិត្ត សុខដែលមិនបានច្រឡូកច្រឡំដោយកិលេស ក្នុងសន្តាននៃខ្លួន។ ម្នាលមាណព ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។
[១២៤] ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ តើដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ កាលដើរទៅមុខ ឬថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ (ឆ្វេងស្តាំ) ក៏មានសេចក្តីដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគភោជន ឬផឹកទឹក ទំពាស៊ីខាទនីយៈ លិទ្ធភ្លក់នូវភេសជ្ជៈ មានសប្បិជាដើម ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឬឈរ អង្គុយ ជិតដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម ក៏មានសេចក្តីដឹងខ្លួន ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ យ៉ាងនេះឯង។
ID: 636811831859493439
ទៅកាន់ទំព័រ៖