ព្រះត្រៃបិដក ភាគ ១៥

 [​១២៥​]​ ​ម្នាល​មាណព​ ​ចុះ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​តើ​ដូចម្តេច​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​ភិក្ខុ​នោះ​ ​កាលបើ​ចៀសចេញ​ទៅ​ក្នុង​ទិស​ណាៗ​ ​តែង​កាន់​យក​ ​(​នូវ​គ្រឿងបរិក្ខារ​តែ៨ប៉ុណ្ណោះ​)​ ​ជាប់​ជាមួយនឹង​ខ្លួន​ ​ចេញទៅ​ ​ម្នាល​មាណព​ ​ប្រៀប​ដូចជា​សត្វ​សកុណជាតិ​ ​ដែល​មាន​ស្លាប​ ​កាល​ហើរ​ទៅ​ក្នុង​ទិស​ណាៗ​ ​រមែង​មានតែ​ទម្ងន់​ស្លាប​របស់​ខ្លួន​ប៉ុណ្ណោះ​ ​ហើរ​ទៅ​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​ភិក្ខុ​នោះ​ ​កាលបើ​ចេញទៅ​ទិស​ណាៗ​ ​តែង​កាន់​យក​ ​(​នូវ​គ្រឿងបរិក្ខារ​តែ៨ប៉ុណ្ណោះ​)​ ​ជាប់​ជាមួយនឹង​ខ្លួន​ ​ចេញទៅ​ ​ក៏​ដូច្នោះឯង​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​យ៉ាងនេះ​ឯង​។​
 ​[​១២៦​]​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​អរិយ​សីលក្ខន្ធ​នេះ​ផង​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សេចក្តី​សន្តោស​ដ៏​ប្រសើរ​នេះ​ផង​ ​តែង​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​រូងភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃស្បាត​ ​ទីវាល​ ​គំនរចំបើង​ ​ឬ​ស្លឹកឈើ​។​ ​ភិក្ខុ​នោះ​ ​លុះ​ ​ត្រឡប់​ពី​បិណ្ឌបាត​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636811832151660150
ទៅកាន់ទំព័រ៖