ព្រះត្រៃបិដក ភាគ ១៥
មានធញ្ញជាតិ ជាទ្រព្យច្រើន មានជង្រុក និងឃ្លាំងក៏បរិបូណ៌។ ម្នាលព្រាហ្មណ៍ គ្រានោះ ព្រះបាទមហាវិជិត ស្តេចចូលទៅក្នុងទីរហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះកើតឡើងក្នុងព្រះហឫទ័យយ៉ាងនេះថា ភោគសម្បត្តិទាំងឡាយ ជារបស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មាអញបានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយ័ញ្ញ ដែលអាចប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ខ្លួនអញ អស់កាលដ៏យូរអង្វែង។ ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបានមហាវិជិត ត្រាស់ឲ្យហៅព្រាហ្មណ៍បុរោហិតមក ហើយទ្រង់មានព្រះបន្ទូលថា ម្នាលព្រាហ្មណ៍ យើងបានចូលទៅទីរហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្តយ៉ាងនេះថា ភោគសម្បត្តិទាំងឡាយ ជារបស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មាអញបានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់អាត្មាអញ អស់កាលជាយូរអង្វែង ម្នាលព្រាហ្មណ៍ យើងប្រាថ្នាដើម្បីបូជាយ័ញ្ញ ចូរអ្នកដ៏ចំរើន ជួយពន្យល់យើងផង ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់យើង អស់កាលដ៏យូរអង្វែង។
ID: 636811778743315368
ទៅកាន់ទំព័រ៖