ព្រះត្រៃបិដក ភាគ ១៥
អរិយសមាធិក្ខន្ធនោះ ដែលសម្តេចព្រះមានព្រះភាគ ទ្រង់បានពោលសរសើរហើយ ទាំងទ្រង់ណែនាំប្រជុំជននេះ ឲ្យប្រតិបត្តិ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ឯកិច្ច ដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចំរើន ក៏អរិយសមាធិក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ បពិត្រព្រះអានន្ទដ៏ចំរើន ឯពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះ គង់បានឃើញអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍ទាំងនោះឯង ពេញចិត្តដោយគុណ ត្រឹមតែសមាធិក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយគុណ មានប្រមាណប៉ុណ្ណេះ សម្រេចហើយដោយគុណ មានប្រមាណប៉ុណ្ណេះ ប្រយោជន៍នៃសាមញ្ញគុណ យើងបានដល់ហើយដោយលំដាប់ កិច្ចនីមួយ ដែលយើងទាំងឡាយគប្បីធ្វើតទៅ មិនមានឡើយ។ ចំណែកព្រះអានន្ទដ៏ចំរើន ពោលយ៉ាងនេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត។
ID: 636811834933069238
ទៅកាន់ទំព័រ៖