ព្រះត្រៃបិដក ភាគ ១៥

ជា​អំបោះ​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សសុទ្ធ​ក្តី​ ​សស្រ​ទន់​ក្តី​ ​បុរស​ដែល​មាន​ភ្នែកភ្លឺ​ ​គប្បី​យក​កែវ​នោះ​ ​មក​ដាក់លើ​ដៃ​ ​ហើយ​ពិចារណាមើល​ថា​ ​នេះ​ជា​កែវពិទូរ្យ​ដ៏​ល្អ​ ​មាន​ជាតិ​ដ៏​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​មាន​សម្បុរ​ភ្លឺ​ថ្លា​ ​ជ្រះថ្លា​ដោយ​វិសេស​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​អំបោះ​ដែលគេ​ដោត​ក្នុង​កែវ​នោះ​ ​ជា​អំបោះ​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សសុទ្ធ​ក្តី​ ​សស្រ​ទន់​ក្តី​ ​យ៉ាងណាមិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ដែល​បាន​ញាណទស្សនៈ​ ​ក៏​យ៉ាងនោះ​ឯង​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាវ​ព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​តម្រង់​ផ្ចង់​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណទស្សនៈ​ ​គឺ​វិបស្សនាញាណ​ ​ភិក្ខុ​ ​ក៏​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាយ​របស់​អាត្មាអញ​នេះឯង​ ​មាន​រូប​ប្រកបដោយ​មហាភូតរូប៤​ ​កើតអំពី​មាតា​ ​បិតា​ ​មាន​សេចក្តី​ចំរើន​ដោយ​ជាតិ​បាយ​ ​និង​នំ​ ​មានការ​លាប​ ​ដុសខាត់​ ​បំបាត់​ក្លិនអាក្រក់​ ​និង​ការ​គក់ច្របាច់​ជានិច្ច​ ​និង​ការ​បែកធ្លាយ​ ​ខ្ចាត់ខ្ចាយ​ទៅជាធម្មតា​ ​ក៏​ឯ​វិញ្ញាណ​របស់​អាត្មាអញ​នេះ​ ​អាស្រ័យ​នៅក្នុង​កាយ​នេះ​ ​ជាប់​នៅក្នុង​កាយ​នេះ​ ​ដោយ​អំពើ​ណា​។​ ​អំពើ​នេះឯង​ ​ជា​បញ្ញា​របស់​ភិក្ខុ​នោះ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636811835536523753
ទៅកាន់ទំព័រ៖