ព្រះត្រៃបិដក ភាគ ១៥
[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត។ ភិក្ខុនោះ ក៏និម្មិតនូវកាយដទៃ ចេញអំពីកាយនេះ មានរូបសម្រេចអំពីចិត្ត មានអវយវៈតូចធំ សព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ។ ម្នាលមាណព ដូចជាបុរសដកបណ្តូលចេញ អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ឯស្មៅយាប្លងដទៃ បណ្តូលដទៃ តែថាបណ្តូលដែលអាត្មាអញដកចេញមក គឺដកអំពីស្មៅយាប្លងហ្នឹងឯង។ ម្នាលមាណព មួយទៀត ដូចជាបុរសហូតដាវចេញអំពីស្រោម បុរសនោះរមែងមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ឯដាវដទៃ ស្រោមដទៃ តែថាដាវដែលអាត្មាអញហូតចេញ គឺហូតចេញមកអំពីស្រោមហ្នឹងឯង។ ម្នាលមាណព ពុំនោះសោត ដូចបុរស ទាញយកពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម ឯពស់ដទៃ ស្រោមដទៃ តែថាពស់ដែលអាត្មាអញ ទាញចេញពីស្រោមហ្នឹងឯង ដូចម្តេចមិញ
ID: 636811835784757952
ទៅកាន់ទំព័រ៖