ព្រះត្រៃបិដក ភាគ ១៥

ក៏​មិន​បែកធ្លាយ​ទឹក​ ​ហាក់ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន​ ​ដូចជា​សកុណជាតិ​ ​ដែល​មាន​ស្លាប​ក៏បាន​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​នូវ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​កុលបុត្រ​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​ ​ក៏​ប្រាប់​នូវ​ដំណើរ​ភិក្ខុ​នោះ​ ​ដល់​អ្នកដទៃ​ ​ដែល​មិនទាន់​មាន​សទ្ធា​ ​មិនទាន់​មាន​សេចក្តី​ជ្រះថ្លា​ថា​ ​ឱ​ហ្ន៎​ ​ហេតុនេះ​ជា​អស្ចារ្យ​ពេក​ណាស់​ ​ឱ​ហ្ន៎​ ​ហេតុនេះ​មិនធ្លាប់​មាន​ ​បែរជា​មានបាន​ ​ភាវៈ​នៃ​សមណៈ​ ​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​ខ្ញុំ​បានឃើញ​ភិក្ខុ​ឯណោះ​ ​ដែល​បាន​នូវ​ឥទ្ធិ​វិធី​ជាច្រើន​ប្រការ​គឺ​ ​ធ្វើ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ជន​ដែល​មិនទាន់​មាន​សទ្ធា​ ​មិនទាន់​មាន​សេចក្តី​ជ្រះថ្លា​ ​គប្បី​និយាយប្រាប់​ដំណើរ​ភិក្ខុ​នោះ​ ​ទៅ​នឹង​កុលបុត្រ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មាន​វិជ្ជា​មួយ​យ៉ាង​ ​ឈ្មោះ​គន្ធា​រិ​ ​គឺ​វិជ្ជា​ដែល​ឫសី​ ​ឈ្មោះ​គន្ធារៈ​ ​តាក់តែង​ទុក​មក​ ​ភិក្ខុ​នោះ​ ​បាន​នូវ​ឥទ្ធិ​វិធី​ជាច្រើន​ប្រការ​ ​ដោយ​វិជ្ជា​នោះ​។​បេ​។​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636811846366033166
ទៅកាន់ទំព័រ៖