ព្រះត្រៃបិដក ភាគ ១៥
ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតមកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្មនោះ ជាគំរប់២ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺ
ID: 636811851467084929
ទៅកាន់ទំព័រ៖