ព្រះត្រៃបិដក ភាគ ១៥
បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋៈ ចុះពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្តបុរាណនេះមកហើយ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលមក តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះអ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជានោះឯង តែងនិយាយយ៉ាងនេះថា យើងមិនស្គាល់ យើងមិនឃើញទេ
ID: 636811861957904970
ទៅកាន់ទំព័រ៖