ព្រះត្រៃបិដក ភាគ ១៥
អាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកបុព្វាចារ្យរបស់ពួកព្រាហ្មណ៍ តាំងពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគំរប់៧ ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយតាមបទមន្តបុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ សូម្បីឫសីទាំងនោះ ក៏មិនពោលយ៉ាងនេះថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយ ស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា
ID: 636811864210733824
ទៅកាន់ទំព័រ៖