ព្រះត្រៃបិដក ភាគ ១៥
ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង៥ ជាអ្នកមានកាមឆន្ទៈ ជាចំណង លុះបែកធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនគួរមានឡើយ។
[១៨០] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន វេលានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកទៅកាន់ត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមកដល់ បុរសនោះ ក៏ទទូរអស់ទាំងក្បាល ហើយដេកទៀបត្រើយខាងអាយ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរចេញអំពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅឯត្រើយខាងនាយ បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ ពុំគួរទៅបានទេ។ ម្នាលវាសេដ្ឋៈ ក៏ដូច្នោះដែរ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅនីវរណធម៌៥ប្រការនេះថា អាវរណៈ
ID: 636811865717900029
ទៅកាន់ទំព័រ៖