ព្រះត្រៃបិដក ភាគ ១៥
ព្រះបន្ទូលហៅរកផង បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់តែបូជាមហាយ័ញ្ញមានសភាពយ៉ាងនេះបាន។ ជនអ្នកពោលដោយធម៌ ចំពោះមហារាជដ៏ចំរើនយ៉ាងនេះ ក៏មិនមានឡើយ។ ឯពួកក្សត្រិយ៍នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលនៅក្នុងព្រះរាជអំណាច ព្រះរាជាដ៏ចំរើន បានមានព្រះបន្ទូលហៅមកហើយ សូមព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយអាការនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។
[២៤] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ តែថា ពួកអមាត្យ រាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ព្រះអង្គក៏មិនមានព្រះបន្ទូលហៅមកឡើយ។បេ។ ពួកព្រាហ្មណ៍មហាសាល អ្នកនិគម និងអ្នកជនបទ។ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ (ព្រះរាជាមិនមានព្រះបន្ទូលហៅមកឡើយ) បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់តែបូជាមហាយ័ញ្ញ មានសភាពយ៉ាងនេះបាន។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចំរើនយ៉ាងនេះ ក៏មិនមានឡើយ។
ID: 636811783277324698
ទៅកាន់ទំព័រ៖