ព្រះត្រៃបិដក ភាគ ១៥
[២៩] ម្នាលព្រាហ្មណ៍ ក្នុងយ័ញ្ញនោះឯង មនុស្សទាំងឡាយ ក៏ខានសម្លាប់គោ ខានសម្លាប់ពពែ និងកែះ ខានសម្លាប់មាន់ ជ្រូក ពួកសត្វផ្សេងៗ ក៏មិនបានដល់នូវសេចក្តីវិនាស ខានកាប់ដើមឈើ មកធ្វើជាគោល (សម្រាប់ចារឹកឈ្មោះ) ខានច្រូតស្បូវភ្លាំង ដើម្បីឲ្យលំបាក (ដល់ជនឯទៀត)។ ចំណែកខាងពួកជនណា ដែលជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ព្រះរាជាក៏មិនបានគម្រាម ដោយអាជ្ញា មិនបានគម្រាមឲ្យភ័យ មិនមានមុខជោកដោយទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ។ ដោយពិតនោះថា ពួកជនណា ចង់ធ្វើការងារ ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួកជននោះ ក៏ខានធ្វើទៅ។ ពួកជនចង់ធ្វើការណា ក៏ធ្វើការនោះទៅ មិនចង់ធ្វើការណា ក៏ខានធ្វើការនោះទៅ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះខាប់ ទឹកដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង។
[៣០] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍អ្នកនៅក្នុងនិគម និងជនបទ ដែលនៅក្នុងព្រះរាជអំណាច។ ពួកអមាត្យ រាជបរិសទ្យ ជាអ្នកនិគម និងអ្នកជនបទ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគម
ID: 636811785232426524
ទៅកាន់ទំព័រ៖