ព្រះត្រៃបិដក ភាគ ១៥
និងអ្នកជនបទ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាយកទ្រព្យសម្បត្តិជាច្រើន ចូលទៅគាល់ព្រះបាទមហាវិជិតរាជ ហើយក្រាបទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ទ្រព្យសម្បត្តិច្រើនទាំងនេះ ជារបស់មហាបពិត្រ យើងខ្ញុំព្រះអង្គនាំមកថ្វាយ ចំពោះមហាបពិត្រ សូមមហាបពិត្រ ទ្រង់ទទួលនូវទ្រព្យសម្បត្តិនោះចុះ។ ព្រះបាទមហាវិជិតរាជ ត្រាស់តបថា ណ្ហើយអ្នកទាំងឡាយ ទ្រព្យសម្បត្តិនៃខ្ញុំនេះឯង ដែលសម្រេចហើយ ដោយពលិកម្មប្រកបដោយធម៌ច្រើនណាស់ហើយ ទ្រព្យទាំងនោះ ត្រូវបានទៅអ្នកទាំងឡាយវិញចុះ មួយទៀត ចូរអ្នកទាំងឡាយ យកទ្រព្យរបស់ខ្ញុំឯង ថែមទៅទៀតខ្លះចុះ។ ពួកជនទាំងនោះ កាលបើព្រះរាជាទ្រង់ប្រកែកហើយ ក៏ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នាយ៉ាងនេះថា បើពួកយើងយកទ្រព្យសម្បត្តិទាំងនេះ ទៅកាន់ផ្ទះខ្លួនវិញ ដោយហេតុណា ហេតុនោះ ឈ្មោះថា មិនសមគួរដល់ពួកយើងឡើយ ដ្បិតព្រះបាទមហាវិជិតរាជ កំពុងបូជាមហាយ័ញ្ញ បើដូច្នោះ ពួកយើង ចូរនាំគ្នាបូជាតាមព្រះអង្គទៅចុះ។
ID: 636811785483420880
ទៅកាន់ទំព័រ៖