ព្រះត្រៃបិដក ភាគ ១៥
[៣៦] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង។បេ។ មានដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានអានិសង្សច្រើនជាងយញ្ញសម្បទា៣ប្រការនេះផង មានដែរ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញឯទៀត មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង តើដូចម្តេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា មានចិត្តជ្រះថ្លា បានសមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាធម៌ ជាហេតុវៀរចាកបាណាតិបាត១ វៀរចាកអទិន្នាទាន១ វៀរចាកកាមេសុមិច្ឆាចារ១ វៀរចាកមុសាវាទ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន១ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្តទៅតាមលំដាប់នៃត្រកូលនេះផង។បេ។
ID: 636811787849786228
ទៅកាន់ទំព័រ៖