ព្រះត្រៃបិដក ភាគ ១៥
[៣៧] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ចុះយ័ញ្ញឯទៀត មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្តទៅតាមលំដាប់នៃត្រកូលនេះផង មានដែរឬ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង ជាងវិហារទាននេះផង ជាងសរណគមន៍ទាំងនេះផង ជាងសិក្ខាបទទាំងនេះផង មានដែរ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ចុះយ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង។បេ។ នោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងពាក្យទាំងអស់ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះឯង។
ID: 636811788097170378
ទៅកាន់ទំព័រ៖