ព្រះត្រៃបិដក ភាគ ១៥
[៣៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង នូវអនុបុព្វីកថា ចំពោះកូដទន្តព្រាហ្មណ៍ អនុបុព្វីកថានោះ ដូចម្តេច គឺព្រះអង្គទ្រង់ប្រកាស ទានកថា សីលកថា សគ្គកថា ប្រកាសទោសរបស់កាមដ៏ថោកទាប សៅហ្មង ប្រការនូវអានិសង្សក្នុងកិរិយាចេញចាកកាម។ កាលណាព្រះមានព្រះភាគ បានជ្រាបថា កូដទន្តព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាហើយ កាលនោះ ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺប្រកាសនូវទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។ ធម្មតា សំពត់ដ៏ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់កូដទន្តព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តីរលត់ទៅជាធម្មតា យ៉ាងនោះឯង។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌
ID: 636811788855483751
ទៅកាន់ទំព័រ៖