ព្រះត្រៃបិដក ភាគ ១៥
ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះអង្គដ៏ចំរើន សូមឲ្យប្រជុំជននេះ បានគាល់ព្រះមានព្រះភាគផង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារចុះ។ សីហសមណុទ្ទេស ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារ។ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ (ទៅ) គង់លើអាសនៈ ដែលគេក្រាល ត្រង់ម្លប់ខាងមុខវិហារ។ លំដាប់នោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈទាំងនោះ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៤៥] ចំណែកខាងឱដ្ឋទ្ធលិច្ឆវី ព្រមទាំងលិច្ឆវិបរិសទ្យជាច្រើន ក៏ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី គង់ស៊ប់ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា
ID: 636811799558005900
ទៅកាន់ទំព័រ៖