ព្រះត្រៃបិដក ភាគ ១៥
បពិត្រព្រះអង្គដ៏ចំរើន កាលថ្ងៃមុនៗ សុនក្ខត្តលិច្ឆវិបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ បានពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលមហាលិ ខ្ញុំចូលទៅនៅអាស្រ័យនឹងព្រះមានព្រះភាគ រាប់តាំងពីថ្ងៃខាងដើមមក មិនយូរប៉ុន្មាន បានត្រឹមតែ៣ឆ្នាំ ខ្ញុំបានឃើញរូបទិព្វទាំងឡាយ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ទាស់តែស្តាប់សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឮ បពិត្រព្រះអង្គដ៏ចំរើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ឬក៏សំឡេងទាំងនោះ ពុំមានទេ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្ត ស្តាប់មិនឮ មិនមែនជាគ្មានទេ។ មហាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន មិនមែនជាពុំមានទេ ចុះអ្វីជាហេតុ អ្វីជាបច្ច័យហ្ន៎ បានជាសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ។
ID: 636811799842602178
ទៅកាន់ទំព័រ៖