ព្រះត្រៃបិដក ភាគ ១៥
ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែភិក្ខុ បានចំរើនសមាធិ ទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង (នោះឯង) ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ ដែលសុនក្ខត្តលិច្ឆវិបុត្ត មិនបានឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដែលមានពិត មិនមែនជាមិនមាន (នោះ)ទេ។
[៥២] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ គ្រាន់តែជាហេតុធ្វើឲ្យច្បាស់នូវសមាធិភាវនាប៉ុណ្ណោះទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមហាលិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត មិនមែនគ្រាន់តែជាហេតុធ្វើឲ្យច្បាស់ នូវសមាធិភាវនាប៉ុណ្ណោះទេ ម្នាលមហាលិ នៅមានធម៌ដទៃទៀត ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ (អាច) ធ្វើឲ្យជាក់ច្បាស់បាន
ID: 636811801801094197
ទៅកាន់ទំព័រ៖