ព្រះត្រៃបិដក ភាគ ១៥
តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនមានកិរិយាធ្លាក់ទៅក្នុងអបាយទាំង៤ ជាធម្មតា គឺលែងទៅកាន់អបាយ ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹងទៅខាងមុខ ព្រោះកិរិយាអស់ទៅនៃសំយោជនៈ៣ ម្នាលមហាលិ ធម៌នេះឯង ដែលឈ្មោះថា លើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។
[៥៣] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាសកទាគាមិបុគ្គល មកកាន់លោកនេះត្រឹមតែម្តងទៀត ក៏ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។
[៥៤] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាឧបបាតិកៈកំណើត ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងអាយ៥ ហើយបរិនិព្វានក្នុងភពនោះ មានកិរិយាមិនត្រឡប់មក អំពីលោកនោះវិញ
ID: 636811802128072899
ទៅកាន់ទំព័រ៖