ព្រះត្រៃបិដក ភាគ ១៥
មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ ឈ្មោះថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះអចេលកវត្ត និងការផ្តើមនូវតបៈ មានប្រមាណប៉ុណ្ណេះ តែពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ ក៏គេដឹងបានដោយក្រ នុ៎ះមិនគួរឡើយ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវបុគ្គលនេះបាន ថាបុគ្គលនេះ មានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សមណៈ គេដឹង
ID: 636811810691782715
ទៅកាន់ទំព័រ៖