ព្រះត្រៃបិដក ភាគ ១៥
រំលត់ទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ពាក្យនេះ ប្រកបដោយធម៌ ពាក្យនេះ ជាអាទិព្រហ្មចរិយកាសិក្ខា គឺអធិសីលសិក្ខា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ក្នុងសង្សារវដ្ត ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ ដើម្បីរំលត់នូវវដ្តៈ ដើម្បីរម្ងាប់នូវវដ្តៈ ដើម្បីដឹងចំពោះវដ្តៈ ដើម្បីដឹងច្បាស់នូវវដ្តៈ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត ព្យាករពាក្យនេះ។ បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលដែលនឹងធ្វើនូវពុទ្ធដំណើរចុះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរចេញទៅ។
[៩៦] លំដាប់នោះឯង កាលបើព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ មិនទាន់បានយូរប៉ុន្មាន ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត នូវបោដ្ឋបាទបរិព្វាជក ដោយជន្លួញ គឺសំដីជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះ
ID: 636811819844736234
ទៅកាន់ទំព័រ៖