ព្រះត្រៃបិដក ភាគ ១៥
[៩៨] លុះកន្លងពីនោះទៅ បាន២.៣ថ្ងៃ ចិត្តហត្ថិសារីបុត្ត O==[អដ្ឋកថា ថា ចិត្តហត្ថិសារីបុត្តនោះ ជាកូននៃហ្មដំរី ក្នុងក្រុងសាវត្ថី បានបួសក្នុងសំណាក់ព្រះមានព្រះភាគ បានរៀនព្រះត្រៃបិដក ជាអ្នកឈ្លាសក្នុងអត្ថដ៏សុខុម តែសឹកចេញជាគ្រហស្ថអស់វារៈ៧លើក លុះលើកក្រោយបំផុត ទើបតែនឹងសឹកបាន ២.៣ថ្ងៃ ក៏បានទៅកាន់សំណាក់បោដ្ឋបាទបរិព្វាជក ៗ ក៏នាំទៅថ្វាយបង្គំព្រះមានព្រះភាគ។]=0O និងបោដ្ឋបាទបរិព្វាជក ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ទើបចិត្តហត្ថិសារីបុត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯបោដ្ឋបាទបរិព្វាជក ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គ ទ្រង់ពុទ្ធដំណើរចេញមក មិនទាន់បានយូរប៉ុន្មាន ក្នុងកាលនោះ ក៏ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោតខ្ញុំព្រះអង្គ ដោយជន្លួញ គឺវាចាជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទបរិព្វាជកដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត
ID: 636811820753788229
ទៅកាន់ទំព័រ៖