ព្រះត្រៃបិដក ភាគ ១៥
            
        
        
            
            
                
                ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី បុរសដែលមានភ្នែកភ្លឺ គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌ដោយអាការទាំងពួង អំបោះដែលគេដោតក្នុងកែវនោះ ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី យ៉ាងណាមិញ ម្នាលមាណព ភិក្ខុដែលបានញាណទស្សនៈ ក៏យ៉ាងនោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺវិបស្សនាញាណ ភិក្ខុ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា បិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ មានការលាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។
            
            
         
        
            
                ID: 636811835536523753 
                
            
            
                ទៅកាន់ទំព័រ៖