ព្រះត្រៃបិដក ភាគ ១៥

 [​៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ព្រះរាជា​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រាហ្មណ៍​បុរោហិត​ ​ក៏​ក្រាបទូល​ព្រះបាទ​មហា​វិជិត​ដូច្នេះ​ថា​ ​ជនបទ​របស់​ព្រះរាជា​ដ៏​ចំរើន​ ​ប្រកបដោយ​ចំរូង​ ​គឺ​ចោរ​ ​ប្រកបដោយ​ចោរ​បៀតបៀន​ ​ពួក​ចោរ​សម្លាប់​អ្នកស្រុក​ក៏​មាន​ ​សម្លាប់​អ្នក​និគម​ក៏​មាន​ ​សម្លាប់​អ្នកនគរ​ក៏​មាន​ ​ចាំ​ស្កាត់​សម្លាប់​តាមផ្លូវ​ក៏​មាន​ ​បើ​ព្រះរាជា​ដ៏​ចំរើន​ ​លើកលែង​យក​សួយ​ ​ក្នុង​ជនបទ​ដែល​ប្រកបដោយ​ចំរូង​ ​គឺ​ចោរ​ ​ប្រកបដោយ​ចោរ​បៀតបៀន​យ៉ាងនេះ​ ​ព្រោះហេតុនោះ​ ​ព្រះរាជា​ដ៏​ចំរើន​ ​ឈ្មោះថា​ធ្វើមិនត្រូវ​តាម​ទំនៀម​ទេ​ ​មួយទៀត​ ​ព្រះរាជា​ដ៏​ចំរើន​ ​តែង​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អញ​នឹង​ដក​ដង្គត់​ ​គឺ​ចោរ​កំណាច​នុ៎ះ​ចេញ​ ​ដោយ​ការ​សម្លាប់ចោល​ខ្លះ​ ​ដោយ​ការ​ឃុំ​ខាំង​ខ្លះ​ ​ដោយ​រឹបជាន់​ឲ្យ​វិនាស​ខ្លះ​ ​ដោយធ្វើ​ទោស​ផ្ចាល​ខ្លះ​ ​ដោយ​បំបរបង់​ខ្លះ​ ​យ៉ាងនេះ​មិន​ឈ្មោះថា​ ​ការ​ដក​ឡើង​នូវ​ដង្គត់​ ​គឺ​ចោរ​នុ៎ះ​ ​ដោយ​ប្រពៃ​ឡើយ​ ​(​ព្រោះថា​)​ ​ចោរ​ទាំងឡាយ​ណា​ ​ដែល​នៅសល់​អំពី​គេ​សម្លាប់​ ​ចោរ​ទាំងនោះ​ ​មុខ​ជា​នឹង​បៀតបៀន​ពួក​មនុស្ស​អ្នកជនបទ​របស់​ស្តេច​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​លុះតែ​អាស្រ័យ​ការចាត់ចែង​ដូចតទៅ​នេះ​ ​ទើប​ឈ្មោះថា​ ​ដក​ដង្គត់​ ​គឺ​ចោរ​នុ៎ះ​បាន​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636811778983899128
ទៅកាន់ទំព័រ៖