ព្រះត្រៃបិដក ភាគ ១៥
នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធា មានសេចក្តីជ្រះថ្លានោះដែរឬ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ជននោះគប្បីនិយាយដែរ។ ម្នាលកេវដ្តៈ តថាគត កាលពិចារណាឃើញច្បាស់ នូវទោសក្នុងអាទេសនាបាដិហារ្យនេះឯង ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ។
[១៤៣] ម្នាលកេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ តែងប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ អ្នកទំាងឡាយ ចូរលះបង់នូវតម្រេក ក្នុងបញ្ចកាមគុណនេះ អ្នកទាំងឡាយ ចូរដល់នូវលោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។
[១៤៤] ម្នាលកេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ (អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន។
ID: 636811847363270205
ទៅកាន់ទំព័រ៖