ព្រះត្រៃបិដក ភាគ ១៥
[១៦៩] គ្រានោះ វាសេដ្ឋមាណពបានប្រឹក្សានឹងភារទ្វាជៈថា ម្នាលភារទ្វាជៈ ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស ឥឡូវនេះ គង់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ទិសខាងជើង នៃមនសាកតគ្រាម ក្បែរស្រុកមនសាកត កិត្តិសព្ទ សរសើរព្រះគោតមដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ។បេ។ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភារទ្វាជៈ មក យើងទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងសួរសេចក្តីនុ៎ះ ចំពោះព្រះសមណគោតម (បើ) ព្រះសមណគោតម ទ្រង់ដោះស្រាយដល់ពួកយើងយ៉ាងណា យើងនឹងចាំនូវសេចក្តីនោះ យ៉ាងនោះ។ ភារទ្វាជមាណព បានទទួលស្តាប់ពាក្យរបស់វាសេដ្ឋមាណពថា ម្នាលអ្នកដ៏ចំរើន យ៉ាងហ្នឹងហើយ។
ID: 636811860290069575
ទៅកាន់ទំព័រ៖