ព្រះត្រៃបិដក ភាគ ១៥
ម្នាលវាសេដ្ឋៈ ដូច្នោះមែនហើយ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណទាំង៥នេះថា ខ្នោះក៏មាន ថាចំណងក៏មាន កាមគុណទាំង៥ តើដូចម្តេចខ្លះ គឺរូប ដែលគួរដឹងបានដោយចក្ខុ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ សំឡេង ដែលគួរដឹងបានដោយត្រចៀក។បេ។ ក្លិន ដែលគួរដឹងបានដោយច្រមុះ។ រស ដែលគួរដឹងបានដោយអណ្តាត។ ផោដ្ឋព្វៈ ដែលគួរដឹងបានដោយកាយ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ។ ម្នាលវាសេដ្ឋៈ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណ៥នេះឯង ថាខ្នោះក៏មាន ថាចំណងក៏មាន ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង៥នេះឯង។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ
ID: 636811865445254435
ទៅកាន់ទំព័រ៖