ព្រះត្រៃបិដក ភាគ ១៥
[៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ បានចំរើនសមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចំរើនក្នុងទិសបូព៌ ដើម្បីឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន តែថា មិនឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនហើយមួយចំណែក ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ។
ID: 636811800147519618
ទៅកាន់ទំព័រ៖