ព្រះត្រៃបិដក ភាគ ១៦
[៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មធាតុនុ៎ះ តថាគតដឹងដោយប្រការដូច្នេះ ព្រោះតែតថាគតដឹងច្បាស់នូវធម្មធាតុ បានជាព្រះអតីតពុទ្ធទាំងឡាយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគតរលឹកឃើញព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះ មានព្រះនាមយ៉ាងនេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះផង។ ទាំងពួកទេវតា ក៏បានប្រាប់សេចក្តីនេះ ចំពោះតថាគត ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ
ID: 636814166677672500
ទៅកាន់ទំព័រ៖