ព្រះត្រៃបិដក ភាគ ១៦
ជានិទាន ជាសមុទ័យ ជាបច្ច័យ នៃជរា មរណៈ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលជាតិកើតមាន ព្រោះភពជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើភពមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺកាមភព១ រូបភព១ អរូបភព១។ កាលបើភពមិនមានដោយប្រការទាំងពួង ព្រោះភពរលត់ហើយ បើដូច្នេះ តើជាតិគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ភពនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃជាតិ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឧបាទានមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺកាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ កាលបើឧបាទានមិនមានដោយប្រការទាំងពួង
ID: 636814168962883206
ទៅកាន់ទំព័រ៖