ព្រះត្រៃបិដក ភាគ ១៦
ព្រោះឧបាទានរលត់ហើយ បើដូច្នេះ តើភពគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឧបាទាននេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃភព។ ពាក្យថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺរូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ កាលបើតណ្ហាមិនមានដោយប្រការទាំងពួង ព្រោះតណ្ហារលត់ហើយ បើដូច្នេះ តើឧបាទានគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឧបាទាន។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលតណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះចុះ។
ID: 636814169223008085
ទៅកាន់ទំព័រ៖