ព្រះត្រៃបិដក ភាគ ១៦
ដូច្នោះ ការរក្សាមាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃកិរិយាកើតមាននៃអកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះទាស់ទែងវិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក។ ពាក្យថា ការរក្សាមាំ កើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការរក្សាមាំ កើតមានព្រោះអាស្រ័យសេចក្តីកំណាញ់នេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើសេចក្តីកំណាញ់មិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើសេចក្តីកំណាញ់ មិនមានដោយប្រការទាំងពួង ព្រោះសេចក្តីកំណាញ់រលត់ហើយ បើដូច្នោះ តើការរក្សាមាំ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីកំណាញ់នេះ ទើបជាហេតុ ជានិទាន
ID: 636814170114729088
ទៅកាន់ទំព័រ៖