ព្រះត្រៃបិដក ភាគ ១៦
[៩] ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតាព្រះនាម ពន្ធុមតីទេវី ជាព្រះជនេត្តី (មាតាបង្កើត) ព្រះនគរឈ្មោះពន្ធុមតី ជារាជធានី នៃព្រះបាទពន្ធុមៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមអរុណៈ ព្រះមាតាព្រះនាម បភាវតីទេវី ជាព្រះជនេត្តី នគរឈ្មោះអរុណវតី ជារាជធានី នៃព្រះបាទអរុណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមសុប្បតីតៈ ព្រះមាតាព្រះនាម យសវតីទេវី ជាព្រះជនេត្តី នគរឈ្មោះអនោមៈ ជារាជធានី នៃព្រះបាទសុប្បតីតៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាមអគ្គិទត្ត ព្រះមាតាជាព្រាហ្មណី នាមវិសាខា ជាជនេត្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មានព្រះរាជាព្រះនាមខេមៈ នគរឈ្មោះខេមវតី ជារាជធានីនៃព្រះបាទខេមៈ។
ID: 636813833058260561
ទៅកាន់ទំព័រ៖