ព្រះត្រៃបិដក ភាគ ១៦
នាមរូប នឹងដាច់សូន្យទៅក្នុងផ្ទៃនៃមាតាបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណចុះចាប់បដិសន្ធិក្នុងផ្ទៃនៃមាតា ហើយរលត់ទៅវិញ នាមរូបនឹងកើតចំពោះក្នុងភាវៈនៃបញ្ចក្ខន្ធ ដែលបរិបូណ៌នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណរបស់មនុស្សក្មេង គឺក្មេងប្រុស ឬក្មេងស្រីរលត់ទៅដោយអំណាចចុតិ នាមរូបនឹងដល់នូវសេចក្តីចំរើន ដុសដាលធំធាត់ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ វិញ្ញាណនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃនាមរូប។ ពាក្យថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតគួរដឹងតាមទំនង ដែលវិញ្ញាណកើតមាន ព្រោះនាមរូប ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ ចុះបើវិញ្ញាណមិនបានទីដំកល់ក្នុងនាមរូបហើយ កិរិយាកើតឡើងនៃគំនររបស់ទុក្ខ គឺជាតិ ជរា និងមរណៈ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។
ID: 636814172526137013
ទៅកាន់ទំព័រ៖