ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាម យញ្ញទត្ត ព្រះមាតាជាព្រាហ្មណីនាម ឧត្តរា ជាព្រះជនេត្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មានព្រះរាជាព្រះនាម សោភៈ នគរឈ្មោះសោភវតី ជារាជធានីនៃព្រះបាទសោភៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍នាម ព្រហ្មទត្ត ព្រះមាតា ជាព្រាហ្មណី នាម ធនវតី ជាព្រះជនេត្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មានព្រះរាជាព្រះនាម កិកី នគរឈ្មោះ ពារាណសី ជារាជធានីនៃព្រះបាទកិកី។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ព្រះបិតារបស់តថាគត ជាព្រះរាជា ទ្រង់ព្រះនាម សុទ្ធោទនៈ ព្រះមាតា ទ្រង់ព្រះនាម មាយាទេវី ជាព្រះជនេត្តី ព្រះនគរឈ្មោះ កបិលវត្ថុ ជារាជធានី។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ លុះព្រះសុគតបានត្រាស់ពាក្យនេះចប់ហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ស្តេចចូលទៅកាន់ព្រះវិហារ។
ID: 636813833257031930
ទៅកាន់ទំព័រ៖