ព្រះត្រៃបិដក ភាគ ១៦
កាលបើមិនតក់ស្លុតហើយ រមែងបរិនិព្វានចំពោះខ្លួនឯង តែងដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអានន្ទ ភិក្ខុដែលរួចស្រឡះ (ចាកអាសវៈ) យ៉ាងនេះហើយ បើបុគ្គលណា និយាយយ៉ាងនេះថា ទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតទៀត ពាក្យនោះរបស់បុគ្គលនោះ មិនគួរទេ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងមិនកើតទៀត ពាក្យនោះ របស់បុគ្គលនោះមិនគួរទេ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនោះ របស់បុគ្គលនោះក៏មិនគួរ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនោះ របស់បុគ្គលនោះក៏មិនគួរ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ ម្នាលអានន្ទ ឈ្មោះ និងគន្លងនៃឈ្មោះក្តី ភាសា និងគន្លងនៃភាសាក្តី បញ្ញត្តិនិងគន្លងនៃបញ្ញត្តិក្តី បញ្ញានិងខន្ធបញ្ចកៈ ដែលគួរដឹងដោយបញ្ញាក្តី វដ្តៈក្តី តែងប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណាៗ
ID: 636814177219475456
ទៅកាន់ទំព័រ៖