ព្រះត្រៃបិដក ភាគ ១៦
បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរនឹងស្តេចទៅក្នុងកាលឥឡូវនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះមានព្រះភាគ គង់នៅហើយ ក៏ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង អបរិហានិយធម៌ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ក៏ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកទីប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា
ID: 636814322319064678
ទៅកាន់ទំព័រ៖