ព្រះត្រៃបិដក ភាគ ១៦
ពួកភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ មានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិណាដែលឥតទោស ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់សេចក្តីទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ពួកភិក្ខុជាអ្នកមានទិដ្ឋិស្មើគ្នា ដោយសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិមានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៦នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៦នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលដែលព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ
ID: 636814325442993357
ទៅកាន់ទំព័រ៖