ព្រះត្រៃបិដក ភាគ ១៦
លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផ្ទះសំណាក់ យើងខ្ញុំព្រះអង្គ បានក្រាលកម្រាលសព្វកន្លែងហើយ អាសនៈទាំងឡាយ យើងខ្ញុំព្រះអង្គបានតាក់តែងហើយ ក្អមទឹក យើងខ្ញុំព្រះអង្គបានតម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំព្រះអង្គបានរៀបចំហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ស្តេចចូលទៅកាន់ផ្ទះសំណាក់ ព្រមដោយភិក្ខុសង្ឃ លុះស្តេចទៅដល់ហើយ ទ្រង់ជំរះព្រះបាទា ហើយស្តេចចូលទៅកាន់ផ្ទះសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិសខាងកើត ផ្អែកនឹងសសរកណ្តាល។ ឯភិក្ខុសង្ឃ ក៏លាងបាទារាល់រូប ចូលទៅកាន់ផ្ទះសំណាក់ ហើយអង្គុយបែរមុខទៅទិសខាងកើត អែបនឹងជញ្ជាំងខាងលិច គាល់ព្រះមានព្រះភាគ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម បានលាងជើងរួចហើយ ចូលទៅកាន់ផ្ទះសំណាក់ អង្គុយបែរមុខទៅទិសខាងលិច អែបនឹងជញ្ជាំងខាងកើត គាល់ព្រះមានព្រះភាគដែរ។
ID: 636814328114806176
ទៅកាន់ទំព័រ៖