ព្រះត្រៃបិដក ភាគ ១៦
ព្រះមានព្រះភាគ ទ្រង់ទតឃើញមនុស្សទាំងនោះ ពួកខ្លះកំពុងស្វែងរកទូក ពួកខ្លះកំពុងស្វែងរកផែ ពួកខ្លះកំពុងចងក្បូន បំណងនឹងឆ្លងអំពីត្រើយម្ខាង ទៅត្រើយម្ខាង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវហេតុនុ៎ះហើយ ក៏ទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ជនទំាងឡាយណា ឆ្លងទន្លេ និងស្ទឹង គឺតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់ទីទំនាបដែលពេញដោយទឹក ឆ្លងផុតទៅបាន ចំណែកជនធម្មតា លុះតែចងក្បូន ទើបឆ្លងទៅបាន ឯពួកជនជាអ្នកប្រាជ្ញ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។
ចប់ ពុទ្ធភាណវារៈ ទី១។
[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់កោដិគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់កោដិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកោដិគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ
ID: 636814331184871773
ទៅកាន់ទំព័រ៖