ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ចនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ ព្រះសុគត លុះត្រាស់ពាក្យនេះហើយ ព្រះសាស្តា ទ្រង់ត្រាស់ពាក្យដូច្នេះដទៃ អំពីពាក្យនោះថា
[៨៧] ការត្រាច់រង្គាត់ទៅអស់កាលជាអង្វែង ក្នុងជាតិនោះៗឯង ក៏ព្រោះតែមិនបានឃើញនូវអរិយសច្ចទាំង៤តាមពិត។ ឯអរិយសច្ចទាំង៤នោះ បើបុគ្គលបានឃើញហើយ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយទៅភពមួយ ក៏ដាច់ហើយ ឫសគល់របស់ទុក្ខក៏ពុករលួយហើយ ភពថ្មីទៀតក្នុងកាលឥឡូវនេះ មិនមានឡើយ។
ID: 636814331748854031
ទៅកាន់ទំព័រ៖