ព្រះត្រៃបិដក ភាគ ១៦
ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់សាឡ្ហភិក្ខុនោះ ដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះនន្ទា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ភិក្ខុនីនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុទត្ត ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះសុជាតា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសិកានោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកកុធៈ ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះការឡិម្ភៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះនិកដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកដិស្សហៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះតុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសន្តុដ្ឋៈ។បេ។
ID: 636814332414182086
ទៅកាន់ទំព័រ៖