ព្រះត្រៃបិដក ភាគ ១៦
[៩១] ស្រីផ្កាមាសឈ្មោះអម្ពបាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលី ហើយទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុងវេសាលី។ ទើបស្រីផ្កាមាសឈ្មោះអម្ពបាលី ឲ្យគេរៀបចំយានទាំងឡាយដ៏ថ្លៃថ្លា ហើយឡើងជិះលើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា បរសំដៅទៅកាន់អារាមរបស់ខ្លួន ទៅដោយយានកំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះស្រីផ្កាមាសឈ្មោះអម្ពបាលី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ស្រីផ្កាមាសឈ្មោះអម្ពបាលី លុះព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំម្ចាស់ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ នាងអម្ពបាលី ជាស្រីផ្កាមាស
ID: 636814335257354706
ទៅកាន់ទំព័រ៖