ព្រះត្រៃបិដក ភាគ ១៦
ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ នាងអម្ពបាលីផ្កាមាស តាក់តែងខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាក្នុងអារាមរបស់ខ្លួន ហើយឲ្យបម្រើទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរអំពីព្រលឹម ស្តេចសំដៅទៅកាន់ទីអង្គាសចង្ហាន់ របស់នាងអម្ពបាលីផ្កាមាស ព្រមដោយភិក្ខុសង្ឃ លុះស្តេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងអម្ពបាលីផ្កាមាស បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស កំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ នាងអម្ពបាលីផ្កាមាស លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគថា
ID: 636814336262402191
ទៅកាន់ទំព័រ៖