ព្រះត្រៃបិដក ភាគ ១៦
បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ ព្រះតថាគត បានចំរើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ទុកជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបានអារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកគំនិត។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។
ID: 636814338982807790
ទៅកាន់ទំព័រ៖