ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគត មានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុងបាវាលចេតិយអម្បាញ់មិញនេះឯង។ កាលបើព្រះមានព្រះភាគ មានពុទ្ធតម្រាស់ យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅអស់មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ ឥឡូវនេះ កុំឡើយ អ្នកកុំអង្វរតថាគតឡើយ ម្នាលអានន្ទ ឥឡូវនេះ មិនមែនជាកាលគួរអារាធនាតថាគតទេ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូល ជាគំរប់២ដងផង។បេ។
ID: 636814416406826190
ទៅកាន់ទំព័រ៖