ព្រះត្រៃបិដក ភាគ ១៦
ច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគតគប្បីឃាត់វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់បីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
[១០៤] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមនិគ្រោធ ជិតក្រុងរាជគ្រឹះនោះឯង។បេ។ តថាគតនៅជិតជ្រោះ ជាទីទម្លាក់នូវចោរ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងសត្តបណ្ណគុហា (គុហាដែលសន្មតដោយដើមសត្បណ្ណព្រឹក្ស) ខាងភ្នំវេភារៈ ជិតក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងកាឡសិលា (ថ្មខ្មៅ) ខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងសប្បសោណ្ឌិកបព្ភារៈ (ញកមានត្រពាំងទឹក ជាទីនៅនៃពស់) ក្នុងសីតវ័ន (ព្រៃត្រជាក់) ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងតបោទារាម (អារាមជិតស្ទឹងឈ្មោះតបោទា) ជិតក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងជីវកម្ពវ័ន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងមទ្ទកុច្ឆិមិគទាយវ័ន ជិតក្រុងរាជគ្រឹះនោះឯង។
ID: 636814417418184037
ទៅកាន់ទំព័រ៖