ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគតប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគតគប្បីឃាត់ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួលអារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។
ID: 636814418263632393
ទៅកាន់ទំព័រ៖